ព្រះត្រៃបិដក ភាគ ៧៣
ហត្ថិវគ្គ ទី២២
ហត្ថិទាយកត្ថេរាបទាន ទី១
[១១១] ខ្ញុំបានថ្វាយដំរីដ៏ប្រសើរ មានភ្លុក ង មានកម្លាំងព្យាយាមក្លាហាន ដល់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល។ ខ្ញុំបាននូវប្រយោជន៍ដ៏ឧត្តម គឺសន្តិបទដ៏ប្រសើរនេះឯង ព្រោះខ្ញុំបានថ្វាយដំរីដល់ព្រះសម្ពុទ្ធ ទ្រង់ស្វែងរកនូវប្រយោជន៍ដល់សត្វលោកទាំងពួង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយដំរី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយដំរី។ ក្នុងកប្បទី ៧៨ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមសមន្តបាសាទិកៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះហត្ថិទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ហត្ថិទាយកត្ថេរាបទាន។
ID: 637642253103477677
ទៅកាន់ទំព័រ៖