ព្រះត្រៃបិដក ភាគ ៧៣
អក្កន្តសញ្ញកត្ថេរាបទាន ទី៨
[១១៨] ខ្ញុំយកសាដកអាក្រក់ (សាដកសាច់ក្រាស់) ហើយសិក្សាមន្ត ក្នុងខាងមុខនៃព្រះឧបជ្ឈាយ៍ ដើម្បីដល់នូវការទម្លាយនូវពក។ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមតិស្សៈ ទ្រង់ប្រាសចាកធូលី គឺកិលេស គួរទទួលនូវគ្រឿងបូជា ព្រះអង្គខ្ពង់ខ្ពស់ប្រសើរលើសលុប ទ្រង់ត្រាស់ដឹងនូវសច្ចៈ ឧត្តមជាងគណៈ។ លុះខ្ញុំបានឃើញព្រះមហាវីរៈ ជានរៈដ៏ឧត្តម ខ្ពង់ខ្ពស់បំផុត ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ជាន់សំពត់សាដកដ៏អាក្រក់ដែលខ្ញុំក្រាលហើយ ព្រះអង្គបំភ្លឺលោកដូចព្រះចន្ទ ទ្រង់ប្រាសចាកមន្ទិល បានថ្វាយបង្គំព្រះបាទារបស់ព្រះសាស្ដា ដោយចិត្តជ្រះថ្លា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសាដកអាក្រក់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសាដកអាក្រក់។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមសុនន្ទៈ ទ្រង់មានកម្លាំងច្រើន។
ID: 637642255381914881
ទៅកាន់ទំព័រ៖