ព្រះត្រៃបិដក ភាគ ៧៣
ឧទកាសនទាយិវគ្គ ទី២៤
ឧទកាសនទាយកត្ថេរាបទាន ទី១
[១៣១] ខ្ញុំចេញទៅអំពីទ្វារអារាម បានក្រាលបន្ទះក្តារផង តម្កល់ទឹកទុកផង ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអាសនៈ និងទឹក។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ ព្រះនាមអភិសាមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះឧទកាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧទកាសនទាយកត្ថេរាបទាន។
ID: 637642261708789805
ទៅកាន់ទំព័រ៖