ព្រះត្រៃបិដក ភាគ ៧៣
ភាជនទាយកត្ថេរាបទាន ទី២
[១៣២] កាលនោះ ខ្ញុំកើតជានាយស្មូនឆ្នាំង នៅក្នុងក្រុងពន្ធុមតី បានរក្សាភាជន៍របស់ភិក្ខុសង្ឃ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរក្សាភាជន៍ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃភាជន៍។ ក្នុងកប្បទី ៥៣ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិមួយអង្គ ព្រះនាមអនន្តជលិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះភាជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភាជនទាយកត្ថេរាបទាន។
សាលបុប្ផិយត្ថេរាបទាន ទី៣
[១៣៣] កាលនោះ ខ្ញុំកើតជាអ្នកធ្វើនំ នៅក្នុងក្រុងអរុណវតី បានឃើញព្រះជិនស្រី ព្រះនាមសិខី ស្តេចនិមន្តតាមទ្វាររបស់ខ្ញុំ។
ID: 637642262119102334
ទៅកាន់ទំព័រ៖