ព្រះត្រៃបិដក ភាគ ៧៣

ជគតិ​ការ​កត្ថេ​រាប​ទាន ទី៩


 [១៣៩] កាល​ព្រះ​អត្ថ​ទស្សី ជា​លោកនាថ ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ ព្រះអង្គ​បរិនិព្វាន​ហើយ ខ្ញុំ​បាន​ឲ្យ​គេ​ជម្រះ​ផែនដី​ត្រង់កន្លែង​ព្រះ​ស្តូប​ដ៏​ប្រសើរ​របស់​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ១ ៨០០ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផែនដី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ជគតិ​ការ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ជគតិ​ការ​កត្ថេ​រាប​ទាន។


វាសិ​ទាយ​កត្ថេ​រាប​ទាន ទី១០


 [១៤០] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ជាងដែក ក្នុង​ក្រុង​តិ​វរា ជា​បុរី​ដ៏​ប្រសើរ ខ្ញុំ​បាន​ថ្វាយ​កាំបិតព្រា​មួយ​ដល់​ព្រះសយម្ភូ ទ្រង់​ឈ្នះ​កិលេស។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​កាំបិតព្រា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​កាំបិតព្រា។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637642264311446386
ទៅកាន់ទំព័រ៖