ព្រះត្រៃបិដក ភាគ ៧៣
បណ្ណទាយកត្ថេរាបទាន ទី៨
[១៥៨] ខ្ញុំស្លៀកសំពត់សំបកឈើ នៅជិតភ្នំហិមពាន្ត ជាអ្នកបរិភោគស្លឹកឈើ មិនមានរសប្រៃផង សង្រួមក្នុងការប្រព្រឹត្តិទាំងឡាយផង។ ក្នុងពេលបាយព្រឹក ព្រះសិទ្ធត្ថសម្ពុទ្ធ ស្តេចចូលមករកខ្ញុំ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយចង្ហាន់ស្លឹកឈើនោះដល់ព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្លឹកឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្លឹកឈើ ក្នុងកប្បទី ២៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមយទត្ថិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះបណ្ណទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បណ្ណទាយកត្ថេរាបទាន។
ID: 637642271221446055
ទៅកាន់ទំព័រ៖