ព្រះត្រៃបិដក ភាគ ៧៣
អគ្គបុប្ផិយត្ថេរាបទាន ទី១០
[១៦០] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គង់នៅចន្លោះភ្នំ ទ្រង់ភ្លឺស្វាងដោយរស្មីដូចអណ្តាតភ្លើង។ ខ្ញុំកាន់យកផ្ការុក្ខជាតិដែលរីកមុនគេ ហើយចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមមិត្តឃាតកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះអគ្គបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អគ្គបុប្ផិយត្ថេរាបទាន។
ID: 637642271934102218
ទៅកាន់ទំព័រ៖