ព្រះត្រៃបិដក ភាគ ៧៣
វិឡាលិទាយកត្ថេរាបទាន ទី៥
[១៦៥] មានភ្នំមួយឈ្មោះរោមសៈ នៅជិតព្រៃហិមពាន្ត ព្រះពុទ្ធជាសមណៈមួយអង្គ មានឥន្រ្ទិយស្រគត់ស្រគំ (គង់នៅ) ក្បែរជើងភ្នំនោះ។ ខ្ញុំយកដំឡូងដៃខ្លាទៅប្រគេនព្រះសមណៈ ឯព្រះសយម្ភូជាមហាវីរៈ ទ្រង់ឈ្នះកិលេស បានអនុមោទនាថា អ្នកមានចិត្តជ្រះថ្លា បានថ្វាយដំឡូងដៃខ្លាដល់តថាគត ផលតែងកើតឡើងដល់អ្នក ក្នុងភពដែលអ្នកកើត។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយដំឡូង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដំឡូងដៃខ្លា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះវិឡាលិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វិឡាលិទាយកត្ថេរាបទាន។
ID: 637642273982696447
ទៅកាន់ទំព័រ៖