ព្រះត្រៃបិដក ភាគ ៧៣
សុវណ្ណពិព្វោហនវគ្គ ទី២៨
សុវណ្ណពិព្វោហនិយត្ថេរាបទាន ទី១
[១៧១] ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយអាសនៈមួយដោយដៃរបស់ខ្លួន គឺថ្វាយខ្នើយ ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្នើយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្នើយ។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមអសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះសុវណ្ណពិព្វោហនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុវណ្ណពិព្វោហនិយត្ថេរាបទាន។
ID: 637642276462071257
ទៅកាន់ទំព័រ៖