ព្រះត្រៃបិដក ភាគ ៧៣
ឯកញ្ជលិយត្ថេរាបទាន ទី៥
[១៧៥] ខ្ញុំបានប្រគេនឱកាស ជាទីនៅលើកម្រាលស្លឹកឈើដែលខ្ញុំតាំងទុក ដល់ព្រះសមណៈ (ព្រះនាមតិស្សៈ) ទ្រង់ស្វែងរកនូវគុណធំ កាលគង់នៅជិតដើមល្វា។ ខ្ញុំផ្គងអញ្ជលី ហើយក្រាលកម្រាលផ្កាថ្វាយព្រះតិស្សសម្ពុទ្ធ ជាធំជាងសត្វជើងពីរ ជាទីពឹងនៃសត្វលោក ជាតាទិបុគ្គល។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកម្រាលផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាធំជាងពួកមនុស្ស ព្រះនាមឯកអញ្ជលិកៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះឯកញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកញ្ជលិយត្ថេរាបទាន។
ID: 637642277792227334
ទៅកាន់ទំព័រ៖