ព្រះត្រៃបិដក ភាគ ៧៣
សត្តាហបព្វជិតត្ថេរាបទាន ទី៨
[១៨៨] ក្នុងភពមុន មានព្រះសង្ឃរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ដែលទេវតា និងមនុស្សធ្វើសក្ការៈរាប់អានហើយ ខ្ញុំឯងក៏ដល់នូវសេចក្តីវិនាស បានបែកចាកពួកញាតិ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីរម្ងាប់ទុក្ខព្រួយ ព្រោះសេចក្តីវិនាសនោះ ខ្ញុំត្រេកអរក្នុងផ្នួសនោះ អស់ ៧ ថ្ងៃ ព្រោះប្រាថ្នាបំពេញកិច្ចក្នុងសាសនារបស់ព្រះសាស្តា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបួស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបព្វជ្ជា។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាម្ចាស់ផែនដី គេតែងស្គាល់ថា ព្រះបាទសុនេក្ខម្មៈដូចគា្ន ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះសត្តាហបព្វជិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សត្តាហបព្វជិតត្ថេរាបទាន។
ID: 637642282750356724
ទៅកាន់ទំព័រ៖