ព្រះត្រៃបិដក ភាគ ៧៣
ពុទ្ធុបដ្ឋាយិកត្ថេរាបទាន ទី៩
[១៨៩] កាលនោះ ខ្ញុំឈ្មោះវេធម្ភិនី បិតារបស់ខ្ញុំ ក៏ឈ្មោះវេធម្ភិនីដែរ បិតាខ្ញុំ ដឹកដៃខ្ញុំចូលទៅរកព្រះមហាមុនី ឯព្រះមហាមុនី សម្តែងប្រាប់ខ្ញុំថា ព្រះពុទ្ធទាំងឡាយនេះ ជាអគ្គនាយកក្នុងលោក ខ្ញុំជ្រះថ្លា បានបម្រើព្រះពុទ្ធទាំងនោះដោយគោរព ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបម្រើព្រះពុទ្ធទាំងឡាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ។ ក្នុងកប្បទី ២៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ មានព្រះនាមសមណុបដ្ឋាកៈដូចគា្ន ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះពុទ្ធុបដ្ឋាយិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ពុទ្ធុបដ្ឋាយិកត្ថេរាបទាន។
ID: 637642283061606671
ទៅកាន់ទំព័រ៖