ព្រះត្រៃបិដក ភាគ ៧៣
ឆត្តទាយកត្ថេរាបទាន ទី៣
[១៩៣] ក្នុងកាលនោះ កូនរបស់ខ្ញុំបួស ស្លៀកសម្ពត់កាសាយៈ កូនខ្ញុំនោះ បានដល់ភាពជាព្រះពុទ្ធ ដែលសត្វលោកបូជា បានបរិនិព្វានហើយ។ ខ្ញុំស្វែងរកកូនរបស់ខ្លួន ក៏ទៅកាន់ជើងថ្ករ របស់ព្រះពុទ្ធដ៏ប្រសើរ ជាកូនរបស់ខ្ញុំ ដែលបរិនិព្វានហើយ នៅខាងក្រោយអារាម។ កាលនោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំជើងថ្ករ ត្រង់កន្លែងនោះ ហើយខ្ញុំកាន់ស្វេតច្ឆត្រថ្វាយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាធំជាងជន ព្រះនាមមហារហៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះឆត្តទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឆត្តទាយកត្ថេរាបទាន។
ID: 637642284707700371
ទៅកាន់ទំព័រ៖