ព្រះត្រៃបិដក ភាគ ៧៣
ខ្ញុំបានឮទំនាយពួកហោរហើយ ក៏ធ្វើនូវជាតិបូជា (បូជាក្នុងថ្ងៃប្រសូត) ជាតិបូជានេះ ឥតមានបូជាណាប្រហែលឡើយ។ ខ្ញុំប្រមូលកុសល ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា លុះខ្ញុំធ្វើជាតិបូជាហើយ ក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំចូលទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស តែងកន្លងលើសពួកសត្វទាំងអស់ នេះជាផលនៃជាតិបូជា។ ពួកស្រីមេនំតែងបម្រើខ្ញុំ ទាំងជនដ៏សេស ក៏លុះអំណាចចិត្តរបស់ខ្ញុំ ជនទាំងនោះមិនអាចនឹងធ្វើខ្ញុំឲ្យក្រោធឡើយ នេះជាផលនៃជាតិបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបូជា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃជាតិបូជា។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៤ ជាតិ ព្រះនាមសុបារិចរិយៈដូចគ្នា ទ្រង់ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
ID: 637642205269196026
ទៅកាន់ទំព័រ៖