ព្រះត្រៃបិដក ភាគ ៧៣

ព្រះសម្ពុទ្ធ​ត្រាស់​ហើយ​ក្នុង​លោក អ្នក​ទាំងឡាយ​ចូរ​ដឹង​ច្បាស់​នូវ​ព្រះសម្ពុទ្ធ​នោះ ថា​ជា​បុគ្គល​ប្រសើរ​របស់​យើង​ទាំងឡាយ ព្រះសម្ពុទ្ធ​នោះ ទ្រង់​មាន​ព្យញ្ជនៈ ៨០ មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ព្រះ​ជិនស្រី​ដ៏​ប្រសើរ មាន​រស្មី​មួយ​ព្យាម តែង​រុងរឿង​ដូច​ព្រះអាទិត្យ។ ព្រាហ្មណ៍​អ្នក​ដល់​នូវ​ត្រើយ​នៃ​មន្ត គឺ​ខ្ញុំ​នេះឯង លុះ​ឮពាក្យ​របស់​សិស្ស​ហើយ ក៏​ចេញ​អំពី​អាស្រម សួររក​ទិស​ថា ព្រះ​លោកនាយក មាន​ព្យាយាម​ធំ ស្តេច​គង់នៅ​ក្នុង​ប្រទេស​ណា។ លុះ​ខ្ញុំ​បានឃើញ​ព្រះ​ជិនស្រី​អង្គ​នោះ មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​ហើយ ក៏បាន​នមស្ការ ខ្ញុំ​មានចិត្ត​អណ្ដែត​ឡើង មានចិត្ត​រីករាយ បូជា​ចំពោះ​ព្រះ​តថាគត​នោះ។ ខ្ញុំ​បបួល​សិស្ស​ថា នែ​សិស្ស​ទាំងឡាយ អ្នក​ចូរ​មក ពួក​យើង​នឹង​ទៅ​គាល់​ព្រះ​តថាគត យើង​នឹង​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ររបស់​ព្រះ​សាស្តា ហើយ​ស្ដាប់​នូវ​ពាក្យ​ប្រៀនប្រដៅ របស់​ព្រះ​ជិនស្រី។ ខ្ញុំ​តែម្នាក់ឯង​ចេញទៅ ខ្ញុំ​មាន​ជំងឺ ត្រូវ​ជំងឺ​បៀតបៀន ក៏​ដើរទៅ​ប្រុងនឹង​ដេក​ក្រោម​ដើមឈើ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637642206575602179
ទៅកាន់ទំព័រ៖