ព្រះត្រៃបិដក ភាគ ៧៣
ខ្ញុំប្រជុំពួកសិស្សទាំងអស់ ហើយបានសួរអំពីព្រះតថាគត និងសិស្សទាំងនោះថា គុណរបស់ព្រះលោកនាថ ទ្រង់មានប្រាជ្ញាដ៏ក្រៃលែង តើដូចម្ដេច។ ពួកសិស្សទាំងនោះ ដែលខ្ញុំសួរហើយ ក៏ព្យាករសម្ដែងអំពីព្រះពុទ្ធដ៏ប្រសើរនោះ ដោយគោរពចំពោះមុខខ្ញុំ តាមដែលគេបានឃើញ។ លុះខ្ញុំបានស្ដាប់ពាក្យរបស់ពួកសិស្សទាំងនោះហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានសាងព្រះស្តូបដោយផ្កាទាំងឡាយ ហើយក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ពួកសិស្សទាំងនោះ ដុតសរីរៈរបស់ខ្ញុំរួចហើយ នាំគ្នាទៅក្នុងសំណាក់របស់ព្រះសម្ពុទ្ធ ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា។ ខ្ញុំកសាងព្រះស្តូបដោយផ្កាទាំងឡាយ ថ្វាយព្រះសុគតមហេសី ខ្ញុំមិនដែលទៅកាន់ទុគ្គតិអស់មួយសែនកប្ប ដោយកុសលនេះ។ ក្នុងកប្បទី ៤០.០០០ ខ្ញុំបានកើតជាក្សត្រ ១៦ ជាតិ ព្រះនាមអគ្គិសមៈដូចគ្នា ដោយព្រះនាម ជាស្ដេចចក្រពតិ្ត ទ្រង់មានកម្លាំងច្រើន។ ក្នុងកប្បទី ២០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៣៨ ជាតិ ជាម្ចាស់ផែនដី ព្រះនាមឃដាសនសមៈដូចគ្នា។
ID: 637642206796539800
ទៅកាន់ទំព័រ៖