ព្រះត្រៃបិដក ភាគ ៧៣
ជាអ្នកឈ្លាសក្នុងបទ ក្នុងវេយ្យាករណ៍ ក្នុងនិមិត្ត ចេះចប់ត្រៃវេទ បានបង្ហាញមន្តចំពោះពួកសិស្ស។ ខ្ញុំតម្កល់ផ្កាឧប្បល ៥ កម្រងលើខ្នង ខ្ញុំមានប្រាថ្នាដើម្បីបូជានូវគ្រឿងបូជា ក្នុងការជួបជុំបិតា និងមាតា។ វេលានោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ទ្រង់ជានរាសភៈ មានភិក្ខុសង្ឃចោមរោម ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ហើយស្តេចនិមន្តមក។ ខ្ញុំបានក្រាលអាសនៈ ហើយនិមន្តព្រះមហាមុនី បានក្រាលផ្កានោះ ហើយនាំព្រះអង្គឆ្ពោះទៅកាន់ផ្ទះរបស់ខ្លួន។ អាមិសៈណា ដែលខ្ញុំបានតម្កល់ទុក មានក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំជ្រះថ្លា បានថ្វាយអាមិសៈនោះ ចំពោះព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន។ ខ្ញុំដឹងនូវកាលដែលព្រះសម្ពុទ្ធ ទ្រង់សោយរួចហើយ ក៏បានថ្វាយផ្កាមួយក្ដាប់ ព្រះសព្វញ្ញុពុទ្ធ ធ្វើអនុមោទនារួចហើយ ឈមព្រះភក្រ្តទៅកាន់ទិសឧត្តរ និមន្តចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផទាន។
ID: 637642209308102210
ទៅកាន់ទំព័រ៖