ព្រះត្រៃបិដក ភាគ ៧៣
សូមពួកសិស្ស មកកាន់សំណាក់យើង សូមពួកសិស្សនាំផ្កាឈូកមកឲ្យយើងៗ នឹងធ្វើពុទ្ធបូជា ចំពោះព្រះពុទ្ធជាតាទិបុគ្គល ទ្រង់ប្រសើរជាងសត្វជើងពីរ។ ពួកសិស្សទាំងនោះ ទទួលពាក្យខ្ញុំថា យ៉ាងហ្នឹងហើយៗ បានយកផ្កាឈូកមកឲ្យខ្ញុំ ខ្ញុំធ្វើនិមិត្តតាមទំនងដូច្នោះហើយ បានបង្អោនថ្វាយដល់ព្រះពុទ្ធជាម្ចាស់។ ក្នុងកាលនោះ ខ្ញុំបានប្រជុំពួកសិស្ស ហើយប្រៀនប្រដៅដោយប្រពៃថា អ្នកទាំងឡាយ ចូរកុំប្រមាទ សេចក្តីមិនប្រមាទ ជាគុណនាំមកនូវសេចក្តីសុខ។ ខ្ញុំនោះបានប្រៀនប្រដៅពួកសិស្ស ដែលជាអ្នកគួរដល់ពាក្យនេះហើយ ខ្ញុំប្រកបក្នុងអប្បមាទគុណ ក៏បានធ្វើមរណកាលក្នុងពេលនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជលុត្តមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
ID: 637642211219665213
ទៅកាន់ទំព័រ៖