ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកាលនោះ ខ្ញុំឃើញដើមកែសមានផ្ការីក ទើបកាច់ផ្កាទាំងទង នាំចូលទៅថ្វាយចំពោះព្រះសម្ពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ ក្រាបទូលថា បពិត្រព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាមហាមុនី ព្រះអង្គដល់ហើយនូវអមតបទ ជាទីមិនឃ្លាតដោយញាណណា ខ្ញុំបូជាចំពោះញាណនោះ។ លុះខ្ញុំធ្វើការបូជាចំពោះញាណហើយ ទើបបានឃើញនូវឈើមិលក្ខុ ខ្ញុំជាបុគ្គលបាននូវការសម្គាល់នោះ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាមពលុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះសុទស្សនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់សុទស្សនត្ថេរាបទាន។
ID: 637642212555138375
ទៅកាន់ទំព័រ៖