ព្រះត្រៃបិដក ភាគ ៧៣
ចន្ទនបូជកត្ថេរាបទាន ទី៣
[៣៣] គ្រានោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា ជាអ្នកទទួលទាននូវផ្កាឈើ ជាអ្នកស្លៀកនូវផ្កាឈើ។ កាលនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ជានរាសភៈ ស្តេចហោះទៅតាមទីបំផុតនៃព្រៃធំ ដូចស្តេចហង្ស (ហើរទៅ) នាអាកាស (ខ្ញុំសរសើរពុទ្ធគុណថា) បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ ព្រះហឫទ័យរបស់ព្រះអង្គ ស្អាតល្អហើយ ព្រះអង្គមានសម្បុរព្រះភក្រ្តជ្រះថ្លា មានឥន្រ្ទិយ គឺព្រះភក្រ្តស្រស់បស់។ លុះព្រះអត្ថទស្សី មានបញ្ញាដូចផែនដី មានបញ្ញាជាគ្រឿងពុះពារ ស្តេចចុះអំពីអាកាស ហើយក្រាលសង្ឃាដី ទ្រង់ចូលមកទាំងភ្នែន។ ខ្ញុំបានយកខ្លឹមចន្ទន៍ដ៏ល្អិតផង់ ហើយដើរចូលមកក្នុងសំណាក់ព្រះជិនស្រី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានបូជាចំពោះព្រះពុទ្ធ។ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ជាច្បងក្នុងលោក ជានរាសភៈ ហើយក៏កើតប្រាមោទ្យ ឈមមុខទៅកាន់ឧត្តរទិស ដើរចេញទៅ។
ID: 637642212858575974
ទៅកាន់ទំព័រ៖