ព្រះត្រៃបិដក ភាគ ៧៣
លុះព្រះសម្ពុទ្ធ ជាសព្វញ្ញូ ជាលោកនាយក ទ្រង់ចង្រ្កមរួចហើយ ក៏ផ្សាយមេត្តាចំពោះពួកសត្វ (សព្វទិស) មិនមានប្រមាណ មិនមានឧបធិ។ ព្រាហ្មណ៍ជាអ្នកចេះចប់មន្ត បានបេះយកផ្កាទាំងទង ប្រជុំពួកសិស្សទាំងអស់ ហើយបោះទៅលើអាកាស។ ក្នុងកាលនោះ នគរក៏មានគ្រឿងប្រក់ដោយផ្កាជាកំណត់ ហេតុតែអានុភាពនៃព្រះពុទ្ធ ផ្កាមិនបានវិនាស អស់ ៧ ថ្ងៃ។ ដោយកុសលមូលនោះឯង ខ្ញុំបានសោយសម្បត្តិ កំណត់ដឹងនូវអាសវៈទាំងពួង ឆ្លងនូវតណ្ហាជាគ្រឿងចាក់ស្រែះក្នុងលោក។ ក្នុងកប្បទី ១១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៥ ជាតិ មានព្រះនាមអម្ពរំសៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា បុប្ផឆទនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុប្ផឆទនិយត្ថេរាបទាន។
ID: 637642213654044983
ទៅកាន់ទំព័រ៖