ព្រះត្រៃបិដក ភាគ ៧៣

បល្លង្ក​ទាយ​កត្ថេ​រាប​ទាន ទី១០


 [៥០] ខ្ញុំ​បាន​ថ្វាយ​បល្ល័ង្ក (គ្រែ) ព្រមទាំង​ពិតាន ចំពោះ​ព្រះមានព្រះភាគ ព្រះនាម​សុ​មេ​ធៈ ជា​ច្បង​ក្នុង​លោក ទ្រង់​ប្រកបដោយ​តា​ទិ​គុណ។ ពេលនោះ បល្ល័ង្ក​ដ៏​បរិបូណ៌​ដោយ​កែវ ៧ ប្រការ​នោះ (ហាក់ដូចជា) ដឹង​តម្រិះ​របស់ខ្ញុំ តែង​កើត​សម្រាប់​ខ្ញុំ សព្វៗកាល។ ក្នុង​កប្ប​ទី ៣០,០០០ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​បល្ល័ង្ក ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​បល្ល័ង្ក។ ក្នុង​កប្ប​ទី ២០,០០០ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៣ ជាតិ ព្រះនាម​សុវណ្ណា​ភា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បល្លង្ក​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បល្លង្ក​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637642220839513493
ទៅកាន់ទំព័រ៖