ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៧ ជាតិ ព្រះនាម បុប្ផៈដូចគ្នា ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កទម្ពបុប្ផិយត្ថេរាបទាន។
តិណសូលកត្ថេរាបទាន ទី៧
[៥៧] ភ្នំឈ្មោះភូតគណៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះជិនស្រីសយម្ភូ ទ្រង់រលាស់ចេញចាកលោក ទ្រង់គង់មួយអង្គឯង ក្នុងទីនោះ។ ខ្ញុំយកផ្កាម្លិះរួតទាំងឡាយ បូជាព្រះពុទ្ធ ខ្ញុំមិនដែលទៅកើតជាវិនិបាត អស់ ៩៩ ពាន់កប្ប ព្រោះកុសលនេះ។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមធរណីរុហៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។
ID: 637642223793746091
ទៅកាន់ទំព័រ៖