ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកាលនោះ ខ្ញុំកើតជាមាន់ ជាសកុណជាតិ នៅជិតស្រះនោះ ជាសត្វមានសីល បរិបូណ៌ដោយវត្ត ឈ្លាសវៃក្នុងអំពើបុណ្យ និងបាប។ ព្រះពុទ្ធជាមហាមុនី ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ត្រាច់ទៅក្នុងទីមិនឆ្ងាយអំពីជាតស្រះនោះ។ ខ្ញុំបានកាច់ផ្កាកុមុទ ដែលកើតក្នុងទឹក បង្អោនចូលមកថ្វាយព្រះមហេសី។ ព្រះពុទ្ធជាមហាមុនី ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ទ្រង់ក៏ទទួលយក។ ខ្ញុំត្រូវកុសលមូលដាស់តឿន ព្រោះបានឲ្យទាននោះ ខ្ញុំក៏មិនទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមវរុណៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះកុមុទទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុមុទទាយកត្ថេរាបទាន។
ID: 637642225040933585
ទៅកាន់ទំព័រ៖