ព្រះត្រៃបិដក ភាគ ៧៣
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ទុស្សទាយកត្ថេរាបទាន។
សមាទបកត្ថេរាបទាន ទី៩
[៦៩] ខ្ញុំជាអ្នកមានពួកគណៈច្រើន ក្នុងក្រុងពន្ធុមតី ជាបុគ្គលប្រសើរជាងពួកជនទាំងនោះ ពួកជនទាំងនោះ សុទ្ធតែប្រព្រឹត្តតាមសេចក្តីប្រាថ្នារបស់ខ្ញុំ។ ខ្ញុំប្រជុំពួកជនទាំងអស់នោះ ហើយបបួលក្នុងបុញ្ញកម្មថា យើងនឹងធ្វើនូវរោង សម្រាប់ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់ព្រះសង្ឃ។ ពួកជនទាំងនោះ ក៏ទទួលស្គាល់ថា ប្រពៃ ហើយប្រព្រឹត្តតាមអំណាចសេចក្តីប្រាថ្នារបស់ខ្ញុំ លុះធ្វើរោងនោះឲ្យសម្រេចហើយ ក៏ថ្វាយចំពោះព្រះពុទ្ធ ព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយរោង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយរោង។
ID: 637642228201408999
ទៅកាន់ទំព័រ៖