ព្រះត្រៃបិដក ភាគ ៧៣
កុមុទវគ្គ ទី១៨
កុមុទមាលិយត្ថេរាបទាន ទី១
[៧១] មានស្រះកើតឯងដ៏ធំ នៅទៀបភ្នំហិមពាន្ដ ខ្ញុំជាអារក្សទឹក កើតក្នុងស្រះនោះ មានរូបដ៏សម្បើម មានកម្លាំងច្រើន។ កុមុទមានផ្ការីកស្គុះស្គាយក្នុងស្រះនោះ ពួកផ្កាកុមុទប្រមាណប៉ុនកង់រទេះ កើតឡើងក្នុងស្រះនោះ ខ្ញុំតែងបេះផ្កាផង ផ្លែផង ជារឿយៗ។ គាប់ជួនព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់ឃើញផ្កា ដែលខ្ញុំបេះគរទុក ក៏ស្ដេចមកក្នុងសំណាក់របស់ខ្ញុំ។ លុះ (ខ្ញុំឃើញ) នូវព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតា ជានរាសភៈហើយ ខ្ញុំក៏យកផ្កាទាំងអស់ មកថ្វាយព្រះពុទ្ធ។ ក្នុងកាលនោះ ផ្កាកម្រងទាំងប៉ុន្មាន ក៏ទៅជាគ្រឿងប្រក់ថ្វាយព្រះតថាគត ដែលស្ដេចនៅទៀបភ្នំហិមពាន្ដ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។
ID: 637642229450627424
ទៅកាន់ទំព័រ៖