ព្រះត្រៃបិដក ភាគ ៧៣
ឯកចិន្តិកត្ថេរាបទាន ទី៧
[៨៧] កាលណាទេវតាច្យុតចាកពួកទេវតា ព្រោះអស់អាយុ សំឡេង ៣ យ៉ាង របស់ពួកទេវតា កាលអនុមោទនា តែងលាន់ឮឡើងថា ម្នាលអ្នកដ៏ចម្រើន អ្នកច្យុតអំពីទេវលោកនេះ ហើយទៅកាន់សុគតិ នៅជាមួយនឹងពួកមនុស្ស លុះកើតជាមនុស្សហើយ ចូរបាននូវសទ្ធាដ៏ប្រសើរ ក្នុងព្រះសទ្ធម្មចុះ សទ្ធារបស់អ្នកដែលតាំងខ្ជាប់ខ្ជួនហើយនោះ នឹងកើតជាមូល តាំងនៅចំពោះ ជាសទ្ធាមិនកម្រើកក្នុងព្រះសទ្ធម្ម ដែលព្រះសុគតសម្ដែងល្អហើយ ដរាបដល់អស់ជីវិត។ អ្នកត្រូវធ្វើកុសលដោយកាយ ធ្វើកុសលឲ្យច្រើនដោយវាចា ធ្វើកុសល គឺមិនព្យាបាទ មិនមានឧបធិដោយចិត្ត។ តពីនោះ អ្នកត្រូវធ្វើបុណ្យនោះ ដែលខ្លួនសន្សំហើយឲ្យច្រើន ដោយការឲ្យទាន មួយវិញទៀត ត្រូវញ៉ាំងពួកសត្វដទៃ ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម និងព្រហ្មចរិយធម៌។ ទេវតាជាអ្នកប្រាជ្ញទាំងឡាយ តែងរីករាយនឹងអ្នកដ៏ចម្រើន ដែលជាទេវតាវិសេស ដោយសេចក្តីអនុគ្រោះនេះថា ម្នាលទេវតា អ្នកចូរមករឿយៗ។
ID: 637642235238439856
ទៅកាន់ទំព័រ៖