ព្រះត្រៃបិដក ភាគ ៧៣
ឯកចារិយត្ថេរាបទាន ទី៩
[៨៩] ក្នុងកាលនោះ មានសំឡេងខ្លាំងក្នុងពួកទេវតាឋានតាវត្តិង្សថា ព្រះពុទ្ធបរិនិព្វានក្នុងលោកផង ពួកយើងនៅមានរាគៈផង។ កាលទេវតាទាំងនោះ កើតសេចក្តីសង្វេគ ប្រកបដោយសរ គឺសេចក្តីសោក ខ្ញុំជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ក៏បានទៅក្នុងសំណាក់នៃព្រះពុទ្ធ។ ខ្ញុំយកផ្កាមន្ទារវៈ ដែលពួកទេវតានិមិ្មតជាកម្រង បានបូជាដល់ព្រះពុទ្ធ ក្នុងកាលដែលទ្រង់បរិនិព្វាន។ កាលនោះ ពួកទេវតាទាំងអស់ និងពួកទេពអប្សរ ក៏ត្រេកអរចំពោះខ្ញុំ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ៦០,០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមមហាមល្លជនៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តហើយ។
បានឮថា ព្រះឯកចរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកចារិយត្ថេរាបទាន។
ID: 637642244145471073
ទៅកាន់ទំព័រ៖