ព្រះត្រៃបិដក ភាគ ៧៣

តរ​ណិ​យត្ថេ​រាប​ទាន ទី៤


 [១០៤] ព្រះមានព្រះភាគ ព្រះនាម​អត្ថ​ទស្សី ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​នរាសភៈ មាន​ពួក​សាវ័ក​ហែហម ស្ដេច​ចូល​ទៅកាន់​ឆ្នេរទន្លេ​គង្គា។ ឯទន្លេ​គង្គា​មាន​ទឹក​ពេញ​ប្រៀប ល្មម​ក្អែក​ឱន​ផឹក​បាន ជា​ស្ទឹង​ដែលគេ​ឆ្លង​បាន​ដោយ​កម្រ ខ្ញុំ​បាន​ចម្លង​ភិក្ខុសង្ឃ​ផង ព្រះពុទ្ធ​ដ៏​ឧត្តម​ជាង​សត្វ​ជើង​ពីរ​ផង។ ក្នុង​កប្ប​ទី ១,៨០០ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ចម្លង។ ក្នុង​កប្ប​ទី ១,៣០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៥ ជាតិ ព្រះ​នាម​សព្វោ​ភវៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តរ​ណិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តរ​ណិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637642250429102337
ទៅកាន់ទំព័រ៖