ព្រះត្រៃបិដក ភាគ ៧៣

ហត្ថិ​វគ្គ ទី២២
ហត្ថិ​ទាយ​កត្ថេ​រាប​ទាន ទី១


 [១១១] ខ្ញុំ​បាន​ថ្វាយ​ដំរី​ដ៏​ប្រសើរ មាន​ភ្លុក ង មាន​កម្លាំង​ព្យាយាម​ក្លាហាន ដល់​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ជាធំ​ជាង​សត្វ​ជើង​ពីរ ជាតា​ទិ​បុគ្គល។ ខ្ញុំ​បាន​នូវ​ប្រយោជន៍​ដ៏​ឧត្តម គឺ​សន្តិបទ​ដ៏​ប្រសើរ​នេះឯង ព្រោះ​ខ្ញុំ​បាន​ថ្វាយ​ដំរី​ដល់​ព្រះសម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​ប្រយោជន៍​ដល់​សត្វលោក​ទាំងពួង។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ដំរី ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ដំរី។ ក្នុង​កប្ប​ទី ៧៨ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ១៦ ជាតិ ព្រះ​នាម​សម​ន្ត​បា​សា​ទិ​កៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ហត្ថិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ហត្ថិ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637642253103477677
ទៅកាន់ទំព័រ៖