ព្រះត្រៃបិដក ភាគ ៧៣

តាល​វណ្ដ​ទាយ​កត្ថេ​រាប​ទាន ទី៧


 [១១៧] ខ្ញុំ​បាន​ថ្វាយ​ផ្លិត​ស្លឹកត្នោត​ដល់​ព្រះសម្ពុទ្ធ​ព្រះនាម​តិស្សៈ​ទ្រង់​មាន​ទិព្វចក្ខុ ដើម្បី​រំលត់​កម្ដៅ និង​រម្ងាប់​សេចក្ដី​ក្រហល់ក្រហាយ។ ខ្ញុំ​បាន​រំលត់ភ្លើង​រាគៈ​ផង ភ្លើង​ទោសៈ​ផង រំលត់ភ្លើង​មោហៈ​ផង ដែល​ជា​ភ្លើង​ក្ដៅ​ក្រៃលែង​ជាង​នោះ នេះ​ជា​ផល​នៃ​ផ្លិត​ស្លឹកត្នោត។ ខ្ញុំ​ដុត​បំផ្លាញ​កិលេស​ទាំងឡាយ គាស់រំលើង​ភព​ទាំងអស់ ខ្ញុំ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត​ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផ្លិត​ស្លឹកត្នោត។ ក្នុង​កប្ប​ទី ៦៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​មហា​រា​មៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តាល​វណ្ត​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តាល​វណ្ដ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637642255107071093
ទៅកាន់ទំព័រ៖