ព្រះត្រៃបិដក ភាគ ៧៣
អាលម្ពនទាយកវគ្គ ទី២៣
អាលម្ពនទាយកតេ្ថរាបទាន ទី១
[១២១] ខ្ញុំបានថ្វាយបង្កាន់ដៃ ដល់ព្រះមានព្រះភាគព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ទ្រង់នឹងធឹង ជាធំជាងពួកសត្វជើងពីរ ជាតាទិបុគ្គល។ ខ្ញុំគ្រប់គ្រងផែនដីធំទល់នឹងសាគរ ញ៉ាំងឥស្សរិយយសឲ្យប្រព្រឹត្តទៅក្នុងពួកសត្វផង លើផែនពសុធាផង។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយហើយ គាស់រំលើងភពទាំងពួងចោលហើយ បានដល់វិជ្ជា ៣ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ព្រោះកុសលកម្មនេះ។ ក្នុងកប្បទី ៦២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមឯកាទស្សិតៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះអាលម្ពនទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អាលម្ពនទាយកត្ថេរាបទាន។
ID: 637642257753321128
ទៅកាន់ទំព័រ៖