ព្រះត្រៃបិដក ភាគ ៧៣

អជិន​ទាយ​កត្ថេ​រាប​ទាន ទី២


 [១២២] ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​បុរស​អ្នក​ក្រាលកម្រាល​សម្រាប់​គណៈ បានឃើញ​ព្រះពុទ្ធ ទ្រង់​ប្រាសចាក​ធូលី​គឺ​រាគៈ គួរ​ទទួល​នូវ​គ្រឿងបូជា។ ខ្ញុំ​បាន​ថ្វាយ​កំណាត់​ស្បែក​ខ្លា ដល់​ព្រះ​សិខី​ជា​លោក​ពន្ធុ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ខ្ញុំ​បាន​ទទួល​នូវ​សម្បត្តិ ហើយ​ដុត​បំផ្លាញ​នូវ​ពួក​កិលេស​ដោយ​កម្ម​នោះ ខ្ញុំ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ស្បែក​ខ្លា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ស្បែក​ខ្លា។ ក្នុង​កប្ប​ទី ៥០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ព្រះនាម​សុ​ទាយ​កៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637642258030977221
ទៅកាន់ទំព័រ៖