ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៧៧ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះ​នាម​សមោ​ក្ខ​រណៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​នា​គកេសរិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នា​គកេសរិ​យត្ថេ​រាប​ទាន។


នឡិន​កេសរិ​យត្ថេ​រាប​ទាន ទី៣


 [១៤៣] ក្នុង​ភព​មុន ខ្ញុំ​កើតជា​សត្វ​មាន់ទឹក នៅក្នុង​កណ្តាល​ជាតស្រះ កាលនោះ ខ្ញុំ​បានឃើញ (ព្រះសម្ពុទ្ធ) ជា​ទេវតា​ដ៏​ប្រសើរ កំពុង​ស្តេច​ធ្វើ​ពុទ្ធដំណើរ​ទៅ​ឰដ៏​អាកាស។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ពាំ​យក​កេសរ (ផ្កាឈូក) ដោយ​ចំពុះ ហើយ​បូជា​ដល់​ព្រះពុទ្ធ ព្រះនាម​តិស្សៈ​ជា​លោក​ពន្ធុ។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637642265402852288
ទៅកាន់ទំព័រ៖