ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៣ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសត្តបត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះនឡិនកេសរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នឡិនកេសរិយត្ថេរាបទាន។
វិរវិបុប្ផិយត្ថេរាបទាន ទី៤
[១៤៤] ព្រះលោកនាយក ទ្រង់ធ្វើពុទ្ធដំណើរជាមួយនឹងព្រះខីណាស្រពមួយពាន់អង្គ ខ្ញុំកាន់យកផ្កាវិរវិព្រឹក្សទៅបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។
ID: 637642265800821111
ទៅកាន់ទំព័រ៖