ព្រះត្រៃបិដក ភាគ ៧៣
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះសត្តសត្តលិបុប្ផបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សត្តសត្តលិបុប្ផបូជកត្ថេរាបទាន។
ពិម្ពិជាលបុប្ផិយត្ថេរាបទាន ទី៩
[១៤៩] ព្រះជិនស្រីសយម្ភូ ព្រះនាមបទុមុត្តរៈ ជាអគ្គបុគ្គល ទ្រង់ប្រកាសនូវសច្ចៈ ៤ សម្តែងនូវអមតបទគឺព្រះនិព្វាន។ ក្នុងកាលនោះ ខ្ញុំធ្វើផ្កាពិម្ពិជាលព្រឹក្ស មានប្រមាណច្រើន បូជាដល់ព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល។ ក្នុងកប្បទី ៦៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមកិញ្ជកេសរៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
ID: 637642267673008876
ទៅកាន់ទំព័រ៖