ព្រះត្រៃបិដក ភាគ ៧៣
បទុមុក្ខេបវគ្គ ទី២៧
អាកាសុក្ខិបិយត្ថេរាបទាន ទី១
[១៦១] ខ្ញុំ (បានឃើញ) ព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស កំពុងនិមន្តទៅត្រង់ចន្លោះរានផ្សារ ក៏កាន់យកផ្កាឈូក ២ ទង ចូលទៅរកព្រះពុទ្ធ ជានរាសភៈ។ ខ្ញុំដាក់ចុះនូវផ្កាមួយទង ទៀបព្រះបាទានៃព្រះពុទ្ធដ៏ប្រសើរ ហើយកាន់យកនូវផ្កាមួយទងបោះឡើងទៅនាអាកាស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ជាម្ចាស់ផែនដី ព្រះនាមអន្តលិក្ខករៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះអាកាសុក្ខិបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អាកាសុក្ខិបិយត្ថេរាបទាន។
ID: 637642272598789758
ទៅកាន់ទំព័រ៖