ព្រះត្រៃបិដក ភាគ ៧៣
ជវហង្សកត្ថេរាបទាន ទី៧
[១៦៧] កាលនោះ ខ្ញុំត្រាច់ទៅក្នុងព្រៃ ក្បែរឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថ និមន្តទៅឰដ៏អាកាស។ ខ្ញុំផ្គងអញ្ជលី ហើយក្រឡេកមើលព្រះមហាមុនី ហើយញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានថ្វាយបង្គំព្រះលោកនាយក។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវព្រះនរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះជវហង្សកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ជវហង្សកត្ថេរាបទាន។
ID: 637642274670664836
ទៅកាន់ទំព័រ៖