ព្រះត្រៃបិដក ភាគ ៧៣
សលឡបុប្ផិយត្ថេរាបទាន ទី៨
[១៦៨] ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរ នៅក្បែរឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់បរិបូណ៌ដោយបណ្តាញ គឺរស្មី។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដោយបីតិយ៉ាងក្រៃលែង បានកាន់យកផ្កាស្រល់ រោយរាយថ្វាយចំពោះព្រះវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះសលឡបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សលឡបុប្ផិយត្ថេរាបទាន។
ID: 637642275108164786
ទៅកាន់ទំព័រ៖