ព្រះត្រៃបិដក ភាគ ៧៣
អព្ភញ្ជនទាយកត្ថេរាបទាន ទី៤
[១៧៤] ខ្ញុំបានថ្វាយថ្នាំបន្តក់ភ្នែក ដល់ព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ព្រះអង្គមានរាគៈទៅប្រាសហើយ ជាតាទិបុគ្គល មានព្រះទ័យមិនអាក្រក់ មិនមានដំណើរយឺតយូរ គឺកិលេស ព្រះអង្គមានឈាន ប្រព្រឹត្តកន្លងនូវមោហៈទាំងពួង ទ្រង់ស្វែងរកប្រយោជន៍ ដល់សត្វលោកទាំងពួង ព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយថ្នាំបន្តក់ភ្នែក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថ្នាំបន្តក់ភ្នែក។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមវិរប្បៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះអព្ភញ្ជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អព្ភញ្ជនទាយកត្ថេរាបទាន។
ID: 637642277426602243
ទៅកាន់ទំព័រ៖