ព្រះត្រៃបិដក ភាគ ៧៣
បានឮថា ព្រះបុណ្ឌរីកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុណ្ឌរីកត្ថេរាបទាន។
តរណិយត្ថេរាបទាន ទី១០
[១៨០] ខ្ញុំមានចិត្តជ្រះថ្លា បានស្ថាបនាស្ពានត្រង់ផ្លូវធំ ដែលមានជង្ហុក ដើម្បីប្រយោជន៍ដល់ការឆ្លងនៃសត្វលោក ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានស្ថាបនាស្ពាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យស្ពាន។ ក្នុងកប្បទី ៥៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមោគតៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តរណិយត្ថេរាបទាន។
ID: 637642279382539772
ទៅកាន់ទំព័រ៖