ព្រះត្រៃបិដក ភាគ ៧៣
សុវណ្ណបុប្ផិយត្ថេរាបទាន ទី៥
[១៥] ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់គង់សម្ដែងអមតបទ ដល់ពួកជន។ ខ្ញុំស្ដាប់ធម៌របស់ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល ហើយបានថ្វាយផ្កា ជាវិការៈនៃមាស ៤ ទង ចំពោះព្រះសម្ពុទ្ធ។ ក្នុងកាលនោះ បរិស័ទមានចំនួនត្រឹមណា ដំបូលជាវិការៈនៃមាស ក៏មានចំនួនត្រឹមនោះ ពន្លឺដ៏ធំទូលាយក៏កើតប្រាកដឡើង ព្រោះរស្មីព្រះពុទ្ធ និងរស្មីមាស។ ខ្ញុំមានចិត្តខ្ពស់ឯក មានចិត្តរីករាយ មានសេចក្ដីត្រេកអរកើតឡើង ខ្ញុំធ្វើអញ្ជលី ញុំាងបីតិឲ្យកើតឡើងចំពោះពន្លឺទាំងនោះ នាំមកនូវសេចក្ដីសុខក្នុងបច្ចុប្បន្ន ទើបថ្វាយបង្គំអារាធនាព្រះសម្ពុទ្ធទ្រង់មានវត្តមានល្អ ញុំាងប្រាមោទ្យឲ្យកើត ហើយចូលទៅកាន់លំនៅរបស់ខ្លួន។ លុះខ្ញុំចូលទៅកាន់លំនៅហើយ ក៏រឭកនូវព្រះពុទ្ធដ៏ប្រសើរ ខ្ញុំក៏បានទៅកើតក្នុងឋានតុសិត ដោយសេចក្តីជ្រះថ្លានោះឯង។
ID: 637642202848727264
ទៅកាន់ទំព័រ៖