ព្រះត្រៃបិដក ភាគ ៧៣
ផលទាយកត្ថេរាបទាន ទី២
[១៨២] ព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ មានព្រះទ័យសន្តោស ស្មើដោយភ្នំសិនេរុ ឬក៏ប្រហែលដោយធរណី ស្តេចចេញចាកសមាធិ ហើយទ្រង់ស្តេចចូលទៅរកខ្ញុំដើម្បីភិក្ខា។ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនផ្លែឈើទាំងអស់នោះ គឺផ្លែសម៉ កន្ទួតព្រៃ ស្វាយ ព្រីង ផ្លែសម៉ពិភេទក៍ ពុទ្រា រាក់ខ្មៅ ស្រគំ ព្នៅ និងផ្លែមាក់ប្រាង ដល់ព្រះមហេសីព្រះនាមសិទ្ធត្ថ ព្រះអង្គមានសេចក្តីអនុគ្រោះដល់សត្វលោកទាំងពួង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមឯកជ្ឈៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ផលទាយកត្ថេរាបទាន។
ID: 637642280728169129
ទៅកាន់ទំព័រ៖