ព្រះត្រៃបិដក ភាគ ៧៣
ឧបដ្ឋាយិកត្ថេរាបទាន ទី៦
[១៨៦] ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក។ ខ្ញុំបានថ្វាយឧបដ្ឋាកម្នាក់ ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង។ ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញប្រសើរ ទ្រង់ទទួលហើយប្រគល់ឲ្យខ្ញុំវិញ ទ្រង់ក្រោកចាកអាសនៈនោះ មានព្រះភក្ត្របែរចេញទៅកាន់បាចីនទិស ហើយទ្រង់ចៀសចេញទៅ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយឧបដ្ឋាក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឧបដ្ឋាក។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមពលសេនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
ID: 637642282001606566
ទៅកាន់ទំព័រ៖