ព្រះត្រៃបិដក ភាគ ៧៣

សត្តាហ​បព្វ​ជិ​តត្ថេ​រាប​ទាន ទី៨


 [១៨៨] ក្នុង​ភព​មុន មាន​ព្រះសង្ឃ​របស់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី ដែល​ទេវតា និង​មនុស្ស​ធ្វើសក្ការៈ​រាប់អាន​ហើយ ខ្ញុំ​ឯង​ក៏​ដល់​នូវ​សេចក្តី​វិនាស បាន​បែក​ចាក​ពួក​ញាតិ ខ្ញុំ​ចូល​ទៅកាន់​ផ្នួស ដើម្បី​រម្ងាប់​ទុក្ខ​ព្រួយ ព្រោះ​សេចក្តី​វិនាស​នោះ ខ្ញុំ​ត្រេកអរ​ក្នុង​ផ្នួស​នោះ អស់ ៧ ថ្ងៃ ព្រោះ​ប្រាថ្នា​បំពេញ​កិច្ច​ក្នុង​សាសនា​របស់​ព្រះ​សាស្តា។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បួស ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បព្វជ្ជា។ ក្នុង​កប្ប​ទី ៦៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ជា​ម្ចាស់ផែនដី គេ​តែង​ស្គាល់​ថា ព្រះបាទ​សុ​នេក្ខម្មៈ​ដូច​គា្ន ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សត្តាហ​បព្វ​ជិ​តត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្តាហ​បព្វ​ជិ​តត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637642282750356724
ទៅកាន់ទំព័រ៖