ព្រះត្រៃបិដក ភាគ ៧៣
បុប្ផធារកត្ថេរាបទាន ទី២
[១៩២] ខ្ញុំស្លៀកសម្ពត់សម្បកឈើ ដណ្តប់សំពត់ស្បែកខ្លា ញ៉ាំងអភិញ្ញា ៥ ឲ្យកើត ជាអ្នកស្ទាបអង្អែលព្រះចន្ទ្របាន។ ខ្ញុំបានឃើញព្រះវិបស្សី ព្រះអង្គបំភ្លឺលោក ដែលកំពុងស្តេចមកកាន់សំណាក់របស់ខ្ញុំ ទើបខ្ញុំបាំងផ្កាបារិច្ឆត្តកព្រឹក្សថ្វាយព្រះសាស្តា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបាំងផ្កាថ្វាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបាំងផ្កា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ជាម្ចាស់ផែនដី ព្រះនាមសមន្តធរណៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះបុប្ផធារកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុប្ផធារកត្ថេរាបទាន។
ID: 637642284384106576
ទៅកាន់ទំព័រ៖