ព្រះត្រៃបិដក ភាគ ៧៣
គោសីសនិក្ខេបកត្ថេរាបទាន ទី៥
[១៩៥] ខ្ញុំបានក្រាលកម្រាលទ្រនាប់ជើង ចេញអំពីទ្វារអារាម (ថ្វាយចំពោះសង្ឃ) ខ្ញុំបានទទួលកុសលកម្មរបស់ខ្លួននេះ នេះជាផលនៃបុព្វកម្ម។ ខ្ញុំបាននូវពាហនៈទាំងអស់នុ៎ះ គឺសេះអាជានេយ្យ មានសន្ទុះដូចខ្យល់ និងសេះសិន្ធព ជាពាហនៈដ៏លឿន នេះជាផលនៃកម្រាលទ្រនាប់ជើង។ ឱ ! គ្រឿងសក្ការៈ ជាសក្ការៈដ៏ថ្លៃថ្លា ដែលខ្ញុំបានធ្វើហើយដោយប្រពៃ ចំពោះបុញ្ញក្ខេត្តដ៏ល្អ គ្រឿងសក្ការៈដទៃ មិនដល់មួយចំណិតនៃសក្ការៈ ដែលខ្ញុំធ្វើចំពោះសង្ឃឡើយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានក្រាលកម្រាលទ្រនាប់ជើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល។ ក្នុងកប្បទី ៧៥ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសុបតិដ្ឋិតៈ ទ្រង់មានតេជះច្រើន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
ID: 637642285390200380
ទៅកាន់ទំព័រ៖