ព្រះត្រៃបិដក ភាគ ៧៣
ទេសកិត្តិកត្ថេរាបទាន ទី៧
[១៩៧] ក្នុងកាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះឧបសាល្ហកៈ ខ្ញុំដើរចូលទៅក្នុងព្រៃធំ បានឃើញព្រះលោកនាថ ជានរាសភៈ គួរទទួលនូវគ្រឿងបូជារបស់សត្វលោក ហើយខ្ញុំថ្វាយបង្គំទៀបព្រះបាទា ព្រះពុទ្ធទ្រង់ជ្រាបថា ខ្ញុំមានចិត្តជ្រះថ្លាហើយ ក៏ស្តេចបាត់ទៅ។ ខ្ញុំចេញចាកព្រៃធំនោះ ក៏បានរលឹកនឹកដល់ព្រះពុទ្ធដ៏ប្រសើរ ខ្ញុំបានសរសើរនូវប្រទេសនោះ ហើយរីករាយក្នុងឋានសួគ៌ អស់មួយកប្ប។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានពោលសរសើរនូវប្រទេស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះទេសកិត្តិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ទេសកិត្តិកត្ថេរាបទាន។
ID: 637642286124106629
ទៅកាន់ទំព័រ៖