ព្រះត្រៃបិដក ភាគ ៧៣
បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន ទី៩
[១៩] កាលព្រះសុគត ព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន ខ្ញុំបានទៅកើតក្នុងកំណើតយក្ខ ក្នុងលំដាប់ស្មើគ្នា កាលនោះ ខ្ញុំបានដល់នូវយស។ ខ្ញុំគិតថា អត្តភាពជាមនុស្ស អាត្មាអញបានមិនល្អ ភ្លឺស្វាងមិនល្អ តាំងឡើងមិនល្អ ព្រោះថា កាលដែលភោគៈរបស់អាត្មាអញនៅមាន ព្រះសម្ពុទ្ធមានចក្ខុទ្រង់បរិនិព្វាន។ សាវ័កឈ្មោះសាគរៈ ជ្រាបច្បាស់នូវតម្រិះរបស់ខ្ញុំ លោកប្រាថ្នានឹងស្រង់ខ្ញុំ ទើបនិមន្តមកក្នុងសំណាក់ខ្ញុំ (ហើយពោលថា) នែបុរសអ្នកមានប្រាជ្ញាល្អ អ្នកយំសោកពីរឿងអ្វី អ្នកកុំខ្លាចឡើយ ចូរប្រព្រឹត្តធម៌ចុះ ការបរិបូណ៌ដោយពូជ គឺកុសល របស់សត្វទាំងអស់ ព្រះពុទ្ធជាម្ចាស់បានប្រគល់ឲ្យហើយ។ បុគ្គលណាបូជាព្រះសម្ពុទ្ធជាលោកនាយក ដែលទ្រង់គង់ព្រះជន្មនៅក្តី បូជាព្រះសារីរិកធាតុ ប្រមាណប៉ុនគ្រាប់ស្ពៃ របស់ព្រះសម្ពុទ្ធដែលបរិនិព្វានហើយក្តី កាលបើចិត្តមានសេចក្តីជ្រះថ្លាស្មើ បុណ្យជាមហគ្គតកុសលស្មើគ្នា (គង់ចម្រើនដល់បុគ្គលនោះ) ហេតុនោះ អ្នកចូរធ្វើព្រះស្តូប បញ្ចុះព្រះសារីរិកធាតុរបស់ព្រះជិនស្រីចុះ។
ID: 637642204669821022
ទៅកាន់ទំព័រ៖