ព្រះត្រៃបិដក ភាគ ៧៣
សេរេយ្យវគ្គ ទី១៣
សេរេយ្យកត្ថេរាបទាន ទី១
[២១] ខ្ញុំជាអ្នកស្វាធ្យាយមន្ត អ្នកចងចាំមន្ត អ្នកដល់នូវត្រើយនៃវេទទាំង ៣ កំពុងឈរនៅក្នុងទីវាល បានឃើញព្រះលោកនាយក ទ្រង់ស្វែងរកនូវគុណដ៏ធំ ដូចជារាជសីហ៍ ត្រាច់ទៅក្នុងព្រៃ ឬដូចស្ដេចខ្លាដែលមិនតក់ស្លុត ឬក៏ដូចដំរីឈ្មោះមាតង្គៈ ដែលកំពុងចុះប្រេង ៣ កន្លែង។ ខ្ញុំកាន់យកផ្កាសេរមាន់ បោះឡើងនាអាកាស ផ្កាទាំងនោះ ក៏ព័ទ្ធព័ន្ធជុំវិញ ដោយអនុភាពព្រះពុទ្ធ។ ព្រះសព្វញ្ញូជាលោកនាយក មានព្យាយាមធំ ទ្រង់អធិដ្ឋានថា ផ្កាទាំងឡាយចូររោយរាយ ជារបាំងផ្កាជុំវិញតថាគត ដ៏ប្រសើរជាងនរៈ។ លំដាប់នោះ សំណុំផ្កានោះ មានទងចូលក្នុង មានមុខចេញក្រៅ ធ្វើជារបាំងប្រក់អស់ ៧ ថ្ងៃ តពីនោះមកក៏បាត់អស់ទៅ។ លុះខ្ញុំបានឃើញហេតុជាអស្ចារ្យចម្លែក គួរព្រឺរោមនោះ បានញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាព្រះសុគត លោកនាយក។
ID: 637642205953571350
ទៅកាន់ទំព័រ៖